ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមោះមុតក្នុងការផ្តល់សេវាសង្គមឲ្យកាន់តែល្អប្រសើរដើម្បីឆ្លើយតបតាមតម្រូវការពលរដ្ឋ
Wed,19 March 2025 (Time 10:04 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 23នាក់)

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តដ៏មោះមុតបំផុតក្នុងការផ្តល់សេវាសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើសិទ្ធិមនុស្ស។

តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា ការដែលរាជរដ្ឋាភិបាលសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឲ្យក្លាយជាទិវាជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៩ ខែមីនា«គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការចូលរួម ជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឲ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយ ផ្អែកលើសិទ្ធិមនុស្ស»។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ទិវាសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិ ភពលោកលើកទី១៨ ដែលបានធ្វើឡើងក្រោមប្រធានបទ«ពង្រឹងសាមគ្គីភាពអន្តរជំនាន់ដើម្បីធានាបានសុខុមាលភាពយូរអង្វែង»នេះ គឺផ្តោតសំខាន់លើការយកចិត្តទុកដាក់ និងការគោរពកម្លាំងសេវាសង្គមគ្រប់ ជំនាន់ ដើម្បីកសាងសង្គមមួយដែលមានភាពធន់ រឹងមាំ និងនិរន្តរភាពសម្រាប់អនាគតដ៏ប្រសើរ ក៏ដូចជា ការបង្ហាញអំពីតួនាទីរបស់កម្លាំងសេវាសង្គមដែលមានគុណតម្លៃ និងក្រមសីលធម៌ ចំណេះដឹងនិងជំនាញ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងជនងាយរងគ្រោះប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្នជាដើម។

តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការដែលរាជ រដ្ឋាភិបាលប្រារព្ធទិវានេះឡើង គឺដើម្បីរួមគ្នាកសាងពិភពលោកមួយដែលផ្តល់ក្តីមេត្តា ក្តីស្រឡាញ់ សន្តិភាព និងសាមគ្គីភាព សំដៅពង្រឹងសុខុមាលភាពសង្គមកាន់តែល្អប្រសើរ និងយូរអង្វែងសម្រាប់មនុស្សគ្រប់ៗរូប ខណៈក្នុងន័យនេះរាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់ និង ការការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការ រក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្របខ្លួននិងឆ្លើយតបប្រកប ដោយបុរេសកម្មឲ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឲ្យជាប់នូវកាលានុវត្តភាព ដែលអាចលេចចេញក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មសង្គម និង សេដ្ឋ កិច្ចសកល។

ទាក់ទងនឹងទិវាសង្គមកិច្ចនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សការជាមួយក្រសួង ស្ថាប័ននានា រៀបចំនូវទិវានេះឲ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីតួនាទីភារកិច្ច គុណតម្លៃរបស់កម្លាំង សេវាសង្គមកិច្ច និងសមិទ្ធផលការងារផងដែរ រួមទាំងអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរមានសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញ និងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឲ្យបានកាន់តែល្អ ប្រសើរឡើងថែម ទៀតផងដែរ៕

វីដែអូ