ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំនឿជឿជាក់ថា នៅឆ្នាំ២០៣០ ខាងមុខនេះ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចទាក់ទាញភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ដើម្បីអញ្ជើញទស្សនាប្រទេសកម្ពុជា ខណៈព្រលានយន្តហោះថ្មីនេះសម្រេចការសាងសង់ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សមិទ្ធផលដ៏អស្ចារ្យនេះ ពិតជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជាតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា ជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។ឯកឧត្តម បានបន្តថា បើនិយាយដល់ភ្ញៀវទេសចរ គឺមិនអាចកាត់ផ្តាច់បានពីការធ្វើដំណើរតាមផ្លូវអាកាសព្រោះថា បើទេសចរជាតិរបស់យើងអាចធ្វើដំណើរបានក្នុងស្រុកតាមគ្រប់មធ្យោបាយ ដូចជាផ្លូវទឹក ផ្លូវគោកជាដើម ប៉ុន្តែភ្ញៀវអន្តរជាតិដែលចូលមកប្រទេសកម្ពុជា ត្រូវការមកតាមយន្តហោះ នាវាផ្លូវទឹក និងតាមផ្លូវគោក ក្នុងនោះដែលមានលក្ខណៈងាយស្រួលបំផុតគឺតាមផ្លូវអាកាស ដូច្នេះការបង្កើតគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនេះឡើងលំដាប់ 4F ដែលអាចអនុញ្ញាតឲ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 នឹងអាចទទួលអ្នកដំណើរបានរហូតដល់ ១៤លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីធ្វើការងារសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីមួយនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា៕
វីដែអូ