ភ្នំពេញ៖ ខណៈមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ រវាងរថយន្តក្រុងដឹកកម្មករនិយោជិត និងរថយន្តគ្រួសារមួយគ្រឿង ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានបណ្តាលឱ្យកម្មកររងរបួសជាច្រើននាក់។ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យម្ចាស់រថយន្តដឹកកម្មករ និងអ្នកបញ្ជារថយន្តលើដងផ្លូវទាំងអស់ សូមមានស្មារតីនិងវិជ្ជាជីវៈខ្ពស់ និងអធ្យាស្រ័យខ្ពស់ ដើម្បីកុំឱ្យកម្មករដែលជាជនស្លូតត្រង់កំពុងបន្តរងផលប៉ះពាល់។នៅក្នុងបណ្តាញសង្គម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប ៤២នាក់ និងរថយន្តគ្រួសារមួយគ្រឿង ដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។ឯកឧត្តម បានឱ្យដឹងទៀតថា តាំងពីពេលកើតហេតុរហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងមានវត្តមាននៅមន្ទីរពេទ្យដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះ។គិតចាប់ពីខែមករា ដល់ត្រឹមសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មរចំនួន ៣ករណី មានជនរងគ្រោះសរុប ៨៩នាក់ (ស្រី ៨១នាក់) ក្នុងនោះជនរងគ្រោះ ស្លាប់ ១នាក់ (ស្រី) របួសធ្ងន់ ១០នាក់ (ស្រីទាំងអស់) និងរបួសស្រាល ៧៨នាក់ (ស្រី ៧០នាក់)។ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម៕
វីដែអូ