ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចតេជោប្រាប់ការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រធានប្តូរវេនអាស៊ាន នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី
Thu,19 June 2025 (Time 08:56 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 24នាក់)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ការពិត និងជំហរដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្តរជាតិរបស់កម្ពុជាទៅកាន់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននាពេលបច្ចុប្បន្ន។

សម្ដេចតេជោបានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានបែបនេះក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួប។

ក្នុងឱកាសនោះសម្ដេចតេជោ បានរំលេចទៅឡើងថា ស្ថានភាពពិតប្រាកដនៃការកើតឡើងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសបានកើតឡើងមកពីយោធាថៃបានបាញ់សម្លាប់យោធាខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ដែលជាការប្រមាថមកលើកម្ពុជា និងជាការឈ្លានពានមកលើប្រទសកម្ពុជា។

សម្ដេចតេជោ គ៏បានបញ្ជាក់អំពីរឿងរ៉ាវនៃជម្លោះដែលបង្កឡើងដោយភាគីថៃជាពិសេសគឺតាមរយៈការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃដោយឯកតោភាគី, ការប្រមាថរបស់ភាគីថៃមកលើកម្ពុជា តាមរយៈការគំរាមផ្ដាច់អគ្គិសនី ផ្ដាច់អ៊ិនធឺណិត និងការប្រមាថមកលើពលករកម្ពុជាជាដើម។ ប៉ុន្ដែកម្ពុជាបានចាត់វិធានការឆ្លើយតបទៅវិញទាន់ពេលវេលាហើយមិនអនុញ្ញាតឱ្យបរទេស ជាពិសេសប្រទេសថៃប្រមាថមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា ឬប្រមាថមកលើបូរណភាពដែនដីរបស់កម្ពុជានោះទេ។

សម្ដេចតេជោបានពន្យល់អំពីទិដ្ឋភាពពិតជាក់ស្ដែងអំពីបញ្ហាវិវាទព្រំដែនកម្ពុជា និងថៃនេះទៅកាន់ប្រធានអាស៊ានទៀតថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាដោយសន្ដិវិធី ដូច្នេះទើបកម្ពុជាអនុវត្តនូវការចរចាទ្វេភាគី ប៉ុន្ដែការចរចាទ្វេភាគីគ្មានប្រសិទ្ធភាព ទើបកម្ពុជាសម្ដេចបញ្ជូនរឿងក្ដីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការតាមច្បាប់អន្តរជាតិ ជាយន្តការចាស់ទុំ ផ្អែកតាមទិដ្ឋភាពច្បាប់។ ដូច្នេះសម្ដេចតេជោស្នើឱ្យប្រធានអាស៊ានមានការគាំទ្រចំពោះជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។

សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាម និងមិនចង់ប្រយុទ្ធជាមួយប្រទេសជិតខាងទេ ប៉ុន្ដែសម្ដេចតេជោបានបញ្ជាក់ថា ក្នុងករណីបើមានការឈ្លានពានមកលើកម្ពុជាបន្តទៀត គឺកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារខ្លួន និងអាចវាយបកត្រឡប់ទៅវិញបើសិនជាករណីថៃបន្តឈ្លានពានមកលើកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជាបានព្យាយាមដោះស្រាយដោយសន្ដិវិធីតាមផ្លូវច្បាប់ ប៉ុន្ដែខាងភាគីយោធាថៃ តែងតែរុញបញ្ហាបង្កជម្លោះមកកាន់កម្ពុជា។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជានាំករណីវិវាទកម្ពុជា-ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសារយន្តការច្បាប់អន្តរជាតិ គឺជាយន្តការដែលពិភពលោកត្រូវដោះស្រាយ។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានសន្យានាំសាររបស់សម្ដេចតេជោទៅកាន់នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ដែលជាប្រថានប្ដូរវេនអាស៊ាន ដើម្បីពិនិត្យថា តើម៉ាឡេស៊ីក្នុងនាមប្រធានប្ដូរវេនអាស៊ាននឹងចូលរួមដោះស្រាយយ៉ាងដូចម្ដេចចំពោះបញ្ហាកម្ពុជា-ថៃនាពេលនេះ៕

វីដែអូ