ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ឧបនេត សាវឿន៖ អភិបាលរាជធានី-ខេត្ត គឺជាគណៈបញ្ជាការដ៏រឹងមាំមួយ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
Mon,23 June 2025 (Time 05:35 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 23នាក់)

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានមានប្រសាសន៍ថា អភិបាលរាជធានី និងខេត្ត គឺជាគណៈបញ្ជាការ ដ៏រឹងមាំមួយ ដែលនៅជាប់ផ្ទាល់ ដឹងសុខទុក្ខប្រជាពលរដ្ឋ ដូច្នេះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជោគជ័យយ៉ាងណា គឺអាស្រ័យលើការចូលរួមយ៉ាងធំពី រដ្ឋបាលរាជធានី-ខេត្តឯង។

ថ្លែងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ នាថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៥នេះ នៅវិមានពហុកីឡដ្ឋានអូឡាំពិក ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ចំពោះការងារពាក់ព័ន្ធនឹងគណៈអភិបាលរាជធានី-ខេត្តនេះផងដែរ កន្លងមកយើង ធ្លាប់ឮ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្លាប់មានប្រសាសន៍ពី ខេត្តគាត់ថា៖ «មានសំរាមអត់អភិបាលស្រុក មានអភិបាលស្រុកអត់សំរាម!»។ ចុះម៉ោងនេះ មានខេត្តណា ស្រុកណា អាចហ៊ានប្ដេជ្ញាចិត្តទេថា៖ មានគ្រឿងញៀនអត់អភិបាលស្រុក មានអភិបាលស្រុកអត់គ្រឿងញៀននោះ?។

ឯកឧត្តមសន្តិបណ្ឌិត បានស្នើដល់ អភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំង ២៥ ត្រូវបន្តយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប ពីព្រោះថាអភិបាលរាជធានីខេត្តទាំងអស់គឺជាអ្នកនៅមូលដ្ឋានស្រាប់ ដឹងគោលដៅទីតាំងភូមិសាស្ត្រច្បាស់លាស់ ថាកន្លែងណាដែលគួរបង្កើនការអប់រំ កន្លែងណាដែលគួរបង្កើនកម្លាំងចុះបង្ក្រាប ដោយយើងមិនអាចរង់ចាំតែក្រុមការងារពីខាងលើទៅនោះទេ។

យ៉ាងណាក៏ដោយឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសន្តិបណ្ឌិត សូមលើកទឹកចិត្ត ដល់ឪពុកម្ដាយ អាណាព្យាបាល និងសាមីខ្លួនអ្នកញៀនគ្រឿងញៀនទាំងអស់ សូមចូលរួមដោះស្រាយបញ្ហាញៀនគ្រឿងញៀន តាមរយៈការចាប់ដៃជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការស្វែងរកសេវាព្យាបាលនិងស្ដារនីតិសម្បទា ដើម្បីបន្សាប ឈានដល់ការផ្តាច់គ្រឿងញៀន ដែលនេះគឺជាវិធីតែមួយគត់ អាចស្រោចស្រង់អនាគតរបស់ខ្លួន ក៏ដូចជាអនាគតនៃសង្គមជាតិយើងទាំងមូលបាន។

ឯកឧត្តម បានគូសបញ្ជាក់ថា ជំងឺគ្រឿងញៀន មិនមែនជាជំងឺដែលកើតហើយនឹងស្លាប់ ភ្លាមនោះទេ ប៉ុន្តែជាជំងឺមួយ ទោះបីជាគ្មានថ្នាំព្យាបាលជាដាច់ភ្លាមក៏ដោយ ប៉ុន្តែយើងអាចបន្យាបព្យាបាលបន្តិចម្ដងៗ រួមជាមួយនឹងការធ្វើពលកម្ម និងរៀនសូត្រផ្លូវចិត្ត គឺពិតជាអាច ឈានដល់ការសះស្បើយ និងអាចសមាហរណកម្មចូលសង្គមវិញបាន។

បន្ថែមពីលើនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន យុវនារី ប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជា ភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ចយើង ក្នុងការ រាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ។

សូមបញ្ជាក់ថា «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥» ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន នៅកម្ពុជា»។ ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ពុំមែនរៀបចំឡើងតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការកំណត់យកតាំងពីឆ្នាំ១៩៨៧ របស់អង្គការសហប្រជាជាតិ ដែលបានជ្រើសរើសយក ថ្ងៃ២៦ មិថុនា គឺជាថ្ងៃមួយដែលពិភពលោកទាំងមូល ធ្វើការរួបរួមគ្នាប្រារព្ធទិវានេះឡើង ដើម្បីបំផុសស្មារតីប្រទេសទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋនានាលើសកលលោក ឲ្យចូលរួមតាមគ្រប់រូបភាព យុទ្ធនាការ វិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ចែកចាយ និងឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើយ៉ាងណាកសាងសង្គមមួយប្រកបដោយសុខុមាលភាពល្អប្រសើរ ការអប់រំ ទូលំទូលាយ និងប្រព័ន្ធសង្គមដ៏រឹងមាំមួយជាដើម៕

វីដែអូ