ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចធិបតីប្រកាសថា កោះឫស្សីនៅតែជារបស់ខ្មែរ គ្មានអ្នកណាមកកាន់កាប់ ដូចការញុះញង់របស់ជនអគតិមួយក្តាប់តូចនោះឡើយ
Mon,23 June 2025 (Time 05:42 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 13នាក់)

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កោះឫស្សីគឺនៅតែជារបស់កម្ពុជាដោយមិនបានបាត់ទៅណានោះទេ ហើយបងប្អូនប្រជាពលរដ្ឋអាចទៅលេងបានគ្រប់ពេលវេលា ខណៈមានជនអគតិមួយក្តាប់តូច បានបង្ហោះថា កោះនេះ ត្រូវបានគេយកទៅគ្រប់គ្រងហើយនោះ គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះ។

ផ្ញើសារពីខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ខណៈយើងកំពុងមានបញ្ហាជា មួយថៃ មានជនអគតិមួយក្តាប់តូចបានឆ្លៀតឱកាសញុះញង់ និងចោទប្រកាន់ថា កោះឫស្សីត្រូវបានភាគីវៀតណាម ធ្វើការកាន់កាប់ ខណៈព័ត៌មាននេះ គឺជាព័ត៌មានមិនពិតនោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំ មានការព្រួយបារម្ភ ដោយកោះឫស្សីនេះនៅតែជារបស់ខ្មែរ ដោយមិនបានបាត់ទៅណានោះទេ។

សូមបញ្ជាក់ថា កោះឫស្សី ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន កោះ និងឆ្នេរសមុទ្យ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះឫស្សី ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៍នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក, ឆ្នេរសមុទ្រ, បោះជំរុំឬបោះតង់, ដើរមើលផ្កាថ្ម, ស្ទូចត្រី និងចំណុចផ្សេងៗទៀត។កោះឫស្សី គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានសម្រស់ស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ។

អ្នកទេសចរណ៍ទាំងអស់ អាចធ្វើដំណើរទៅកំសាន្តនៅលើកោះឫស្សី ដោយជិះទូក។ កោះឫស្សី ជាកោះធម្មជាតិមួយ ដែលសំបូរទៅដោយធម្មជាតិពណ៌បៃតងផ្លែឈើផ្កា និងសត្វជាច្រើនប្រភេទរស់នៅ លើដីកោះនេះ។ ជាពិសេស កោះឫស្សីមានឆ្នេរខ្សាច់សដ៏ស្រស់ស្អាត និង ទឹកថ្លាដូចកញ្ចក់គួរឲ្យទាក់ទាញ។ភ្ញៀវទេសចរណ៍ចូលចិត្តមកកំសាន្តលើកោះឫស្សី រីករាយជាមួយ បរិយាកាសបរិសុទ្ធ ហែលទឹកដើរកំសាន្តតាមឆ្នេរគយគន់ពេលព្រះអាទិត្យរះនឹងពេលព្រះអាទិត្យលិច និង រីករាយជាមួយការញុំាអាហារជួបជុំក្រុមគ្រួសារ និងមិត្តភត្តិ។ ពិសេស ភ្ញៀវទេសចរណ៍ ក៏អាចស្នាក់នៅលើកោះឫស្សី ជាមួយនឹងផ្ទះសំណាក់តូចៗ ជាច្រើនផងដែរ។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានកោះឫស្សី ភ្ញៀវទេសចរមិនមានការធ្វើដំណើរថ្មើរជើងបន្ថែមនោះទេ តែត្រូវធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកដែលមានចម្ងាយប្រហែលជា ១៤គីម៉ែត្រ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ៕

វីដែអូ