ភ្នំពេញ៖ ផ្ញើសារពីទឹកដីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ថ្លែងថាសារព័ត៌មានថៃបន្តផ្សាយព័ត៌មានបំភ្លៃការពិតថា សម្ដេចបានដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ។ សម្ដេចផ្ដាំទៅវិញថា «បើឆ្កួតសូមឆ្កួតតែពួកឯងចុះ» ខណៈសម្ដេចជាមនុស្សទីពីរបន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ព មន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ វត្តមានរបស់ខ្ញុំមិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុក្ខលើកទឹកចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការពារទឹកដី»។សម្ដេចតេជោបានបញ្ជាក់ថា បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា (អគ្គភស្តុភារជាន់ខ្ពស់)។ ខ្ញុំពេញចិត្តនឹងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។ មុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង។សម្ដេចតេជោបានសរសេរបញ្ជាក់ថា សារព័ត៌មានថៃមួយបានចុះផ្សាយថាខ្ញុំដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។ ខ្ញុំសូមផ្តាំទៅវិញថា បើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ។ ខ្ញុំជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ។ តើមានការចាំបាច់ទេដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះដែលសូម្បីតែតួរនាទីជានាយករដ្ឋមន្ត្រី ក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។ ឈប់បានឈប់ទៅ និងសូមកុំចូលមកឈ្លានពាន Facebook ខ្ញុំទៀត៕
វីដែអូ