ចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេអ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។*ទី៨៖ ប្រទេសកម្ពុជាដ៏កម្សត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះកម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេស។ យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ។ នៅក្នុងចំណុចនេះ ខ្ញុំចង់គូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាមអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ២០០០»។ជាមួយគ្នានេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ «ពីអតីតកាល កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី»៕
វីដែអូ