ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១នេះ ខណៈសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើន ៥,២%
Sun,29 June 2025 (Time 01:02 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 3នាក់)

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ និងរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះសម្តេចតេជោ បានគូសបញ្ជាក់ថា «ក្នុងដំណើរវិវត្តន៍ជាវិជ្ជមាននេះ យើងអាចកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥»។

សម្តេចតេជោបានឱ្យដឹងដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាម៉េរិក កើន ១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើន ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

ចំណែកគម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន ២៩០គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤,២ ពាន់លានដុល្លារអាម៉េរិក កើន ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។

រីឯចំនួនសហគ្រាសគ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករនិយោជិតសរុប ១,៨៧ លាននាក់ កើនប្រមាណ៥ម៉ឺននាក់។

ជាមួយគ្នានេះ ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ ២០២៥ សម្រេចបាន ៩០៧ ៨៨៩ ហិចតាលើសឆ្នាំមុន ៦៧ ៧០១ហិចតា ឯការប្រមូលផលស្រូវរដូវប្រាំងសម្រេចបាន ៤២៥៤៥០៨តោន លើសឆ្នាំមុន ៤១៨ ០០០តោន ស្មើនឹង ១០,៩០%។

ទន្ទឹមគ្នានេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ២,៩៥លាននាក់ កើន ១១,៧% ឯទេសចរជាតិមានចំនួន ១៣,១៦ លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤៕

វីដែអូ