ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចតេជោ ហ៊ុន សែន បន្តស្នើបារាំងផ្ដល់ឯកសារពាក់ព័ន្ធដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី
Thu,10 July 2025 (Time 07:13 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង ដែលនឹងចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម និងជម្រាបលាសម្ដេចនាពេលនេះ។

សម្តេចតេជោ មានប្រសាសន៍ថា រហូតមកដល់ប្រទេសកម្ពុជា និងបារាំងមានទំនាក់ទំនងទ្វេភាគីមានភាពល្អប្រសើរ ជាពិសេសក្នុងពេលដែលឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសម្ដេចតេជោ បានស្នើឱ្យបារាំងបន្តផ្ដល់ឯកសារពាក់ព័ន្ធចំពោះបញ្ហាព្រំដែននេះដល់កម្ពុជា ដូចអ្វីដែលឯកឧត្តមប្រធានាធិបតី បារាំងបានសន្យាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីដំណើរទស្សនកិច្ចនាពេលកន្លងទៅថ្មីៗនេះ។

ជាការឆ្លើយតប ឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង បានសន្យា ក្នុងការផ្ដល់ឯកសារនានាដែលកម្ពុជាបានស្នើសុំផងដែរ ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែន កម្ពុជា-ថៃ ដោយសន្ដិវិធី និងឈរលើយន្តការច្បាប់អន្តរជាតិ៕

វីដែអូ