ភ្នំពេញ)៖ កម្ពុជា និងចិន បានបង្ហាញការប្តេជ្ញាចិត្តបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា ដោយមានយុវជនជាស្នូល។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។នៅក្នុងជំនួបនេះ លោក ឈិន ចូវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចមហាបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការវិវត្តកាន់តែល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។លោកអនុរដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅក្នុងបរិការណ៍ដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងស្របពេលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាវឡើង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវឱ្យប្រទេសទាំងពីរបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្ស និងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេនរបស់ប្រទេសទាំងពីរ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។សម្ដេចមហាបវរធិបតីបានសម្ដែងការស្វាគមន៍ និងសោមនស្សរីករាយដែលបានជួប លោក ឈិន ចូវ ក្នុងពេលរូបលោក និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។សម្ដេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងដ៏ល្អប្រសើរនៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងគណបក្សយើងទាំងពីរ ដោយមានយុវជនជាស្នូល។សម្តេចមហាបវរធិបតី បានលេីទឹកចិត្តដល់យុវជន នៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដេីម្បីរួមចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ៕
វីដែអូ