តបទៅថៃ យកសារបែកធ្លាយរវាងសម្ដេចតេជោ និងអតីតនាយមន្ត្រីថៃ ជាបន្ទុកដាក់បណ្ដឹងដោយទាញ Interpol មកប្រឡូកប្រឡាក់ទំនាស់នយោបាយផ្ទៃក្នុងរបស់ខ្លួននោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់ថា ស្ថាប័ន Interpol នឹងមិនខ្វល់រឿងនយោបាយផ្ទៃក្នុងថៃនោះឡើយ ហើយកម្ពុជាក៏មិនរងសម្ពាធណាមួយពីបណ្ដឹងរបស់ថៃនេះដែរ។លោកបណ្ឌិត ទូច សុខៈ បានលើកឡើងថា ពាក់ព័ន្ធនឹងបណ្ដឹងរបស់ថៃ ប្ដឹងសម្ដេចតេជោ ហ៊ុន សែន ទៅស្ថាប័ន Interpol គឺក្រុមអ្នកនយោបាយថៃដែលកំពុងបែកបាក់ផ្ទៃក្នុងនោះបាននឹងកំពុងព្យាយាមបង្វែស្ថានការណ៍ជម្លោះផ្ទៃក្នុងរបស់ខ្លួន តាមរយៈបណ្ដឹងនេះ និងព្យាយាមបង្វែស្ថានការណ៍ដែលកម្ពុជាបានប្ដឹងរឿងវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កុំឱ្យប្រជាពលរដ្ឋថៃច្របូកច្របល់ ហើយបោះបញ្ហាផ្ទៃក្នុងរបស់ថៃនោះមកប្រទេសកម្ពុជា និងមេដឹកនាំកម្ពុជាដែលនេះជាទម្លាប់របស់ថៃ។លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់បន្ថែមថា ការបង្កើតប្រធានបទនានារបស់ក្រុមអ្នកនយោបាយថៃ ជាពិសេសក្នុងពេលថ្មីៗនេះ ដោយភ្ជាប់ជាមួយនឹងស្ថាប័ន Interpol គឺជារឿងនយោបាយផ្ទៃក្នុងរបស់ថៃសុទ្ធសាធ ដោយបានបង្វែបញ្ហានោះមកកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីធ្វើឱ្យមានការភាន់ច្រឡំ កុហកប្រជាពលរដ្ឋថៃខ្លួនឯងផង និងកុហកខ្សែភ្នែកអន្តរជាតិផង៕
វីដែអូ