ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ
Wed,02 July 2025 (Time 06:54 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 15នាក់)

ព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ និងស្វាគមន៍ ដែលបានជួបឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី សិង្ហបុរី និងគណៈប្រភូ, សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែល្អប្រសើររីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី មានភាពរីកចម្រើន និងមានលក្ខណៈយូរអង្វែងចាប់តាំងពីព្រះរាជកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋកាលពី ៦០ឆ្នាំមុន ដោយមានការចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងឯកឧត្តម លី-ក្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដំបូងបំផុតរបស់សិង្ហបុរី ហើយរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តមានភាពរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបឯកឧត្តម និងគណៈប្រតិភូ យ៉ាងកក់ក្ដៅ។ ឯកឧត្តមក៏បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដោយមានការរីកចម្រើន ជាលំដាប់ ជាពិសេសនៅឆ្នាំនេះ គឺជាខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសតាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យទេសចរណ៍ប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោ ចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា ជាពិសេសនៅពេលដែលកម្ពុជាដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោថ្មីនាពេលឆាប់ខាងមុខ។

សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។

សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ។

ឯកឧត្តមនាយកដ្ឋមន្រ្ដីក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា។ ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ៕

វីដែអូ