ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចតេជោ ផ្តាំទៅថៃកុំឲ្យតេមករញ៉េរញ៉ៃដល់សម្តេចទៀត ដើម្បីឲ្យកម្ពុជាពិភាក្សាទ្វេភាគីជាមួយខ្លួន រឿងបើកព្រំដែននោះ
Thu,03 July 2025 (Time 09:22 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 85នាក់)

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្តាំទៅភាគីថៃថា ឈប់តេមករញ៉េរញ៉ៃរំខាន់ដល់សម្តេចបន្តទៀត ក្នុងគោលបំណងឲ្យកម្ពុជា ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយខ្លួន ដើម្បីបើកព្រំដែនកម្ពុជា និងថៃឡើងវិញនោះ ដោយសម្តេច បានបញ្ជាក់ថា កាលពួកអ្នកបិទ ក៏ឯកតោភាគី ដូច្នេះត្រូវបើកជាឯកតោភាគីវិញចុះ កម្ពុជាដាច់ខាតមិនធ្វើការចរចាជាមួយនោះឡើយ។

ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ មានការតេមក និងរញ៉េរញ៉ៃខ្លាំងណាស់មកសម្តេច ដើម្បីស្នើសុំឲ្យកម្ពុជាជួបពិភាក្សាដើម្បីធ្វើការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃឡើងវិញ ប៉ុន្តែ ត្រូវបានសម្តេចធ្វើការបដិសេធ ដោយប្រាប់ទៅវិញថា កម្ពុជាគ្មានការចរចាទ្វេភាគីជាដាច់ខាត ខណៈ ការបិទច្រកព្រំដែននាពេលកន្លងទៅ គឺភាគីថៃ ជាអ្នកធ្វើដោយឯកឯង ដូច្នេះត្រូវបើកដោយឯកឯងវិញចុះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះដើម្បីអនុវត្ត តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះឡើយ។ ការអនុវត្តវិធានការនេះគឺដើម្បីឆ្លើយតបទៅកាន់ទាហានថៃ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី ខណៈការបិទនេះ ក៏នឹងបន្តរហូតដល់ខាងភាគីថៃ បានបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ដែលភាគីថៃ សម្រេចបិទជាឯកតោភាគី ឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះផងដែរ៕

វីដែអូ