ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ព្រះមហាក្សត្រ៖ ពិធី «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិដ៏សំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ
Wed,09 July 2025 (Time 08:11 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

កំពង់ចាម៖ ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣ នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការប្រាព្ធពិធី «រុក្ខទិវា» គឺជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព។

តាមរយៈរបាយការណ៍របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រះករុណា ព្រះមហាក្សត្រ បានអបអរសាទរ ចំពោះការរីកចម្រើនលើគ្រប់វិស័យដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមាន សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត រួមគ្នាសម្រេចបាននាពេលកន្លងមក និងដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ព្រះករុណា ព្រះមហាក្សត្រ បានអរគុណឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែង សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង លើកកម្ពស់ ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ ដើម្បីចូលរួមចំណែកសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះដែរ ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ ដើម្បី ធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរម្លឹកថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា ជាចលនា ជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រលាញ់របស់ព្រះអង្គឱ្យចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើម ឈើនៅទូទាំងប្រទេស ។

ព្រះករុណា មានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្នបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំពិធី “រុក្ខទិវា”ជារៀងរាល់ឆ្នាំ។

ព្រះករុណា មានព្រះរាជបន្ទូលថា ពិធី “រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុតរបស់សត្វគ្រប់ ប្រភេទ រក្សាទឹក និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូប ហើយត្រូវបានព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញា ធរជាតិគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនទានរួម ដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ការបង្កើនធនធាន ធម្មជាតិដែលមានតម្លៃសម្បូរគ្រប់យ៉ាងធានាបានជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រ ដែលអាច ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ ក្រោយរបស់យើង។

ក្នុងឱកាសនោះព្រះករុណា ព្រះមហាក្សត្របានឧទ្ទិសឱ្យពិធី រុក្ខទិវា”នេះ ស្ថិតក្នុងបេះដូងរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី និងចលនាជាតិនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ ការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ សត្វព្រៃ ដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការ ដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្តល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានភូមិ-ឃុំ របស់យើងមាន ទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល៕

វីដែអូ