ជាការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តបង្កើនល្បឿនក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធិភាពខ្ពស់ សំដៅធានាឈានទៅរកការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនចេញពីរាជធានីភ្នំពេញ ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល១ខែកន្លះ នៅចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងករណីក្មេងទំនើងកាន់កាប់អាវុធ ជាច្រើនករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុប៧៣នាក់ ។លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ៖ ក្នុងចំណោមជនសង្ស័យទាំង៧៣នាក់ ( ស្រី០៨នាក់ ) មាន៣០នាក់ (ស្រី០៣នាក់) ត្រូវបានបញ្ចូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយឡែកនៅសល់៤៣នាក់ទៀត (ស្រី០៥នាក់) ត្រូវបានបញ្ចូនទៅមណ្ឌលស្តារនីតិសម្បទា ដើម្បីកាត់ផ្តាច់សារធាតុញៀន ។ក្នុងការបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀនសរុបចំនួន៧៨កញ្ចប់តូចធំ , ដាវដែក.កាំបិតដែក. ពូថៅ ៦៥ដើម , កាំភ្លើងកែច្នៃ០៣ដើម , ឧបករណ៍កាច់កម៉ូតូមួយចំនួន, គ្រាប់អាវុធខ្លី ៧៥គ្រាប់ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំផ្សេងទៀតផងដែរ ។សូមបញ្ជាក់ថា ក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាកិច្ចការងារអាទិភាពចម្បងទី០៤ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូរ ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕
វីដែអូ