ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ដល់ដំបូន្មានទូន្មានទៅអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ ជុំវិញពួកគេធ្វើស្ទង់មតិពលរដ្ឋខ្លួនថាស្រឡាញ់សម្ដេចឬអត់!សម្ដេចតេជោ បានសរសេរថា៖«ខ្ញុំសូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ! វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន»។សម្ដេចតេជោ បានបញ្ជាក់ថា ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបខ្ញុំ ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។សម្ដេចតេជោ បានលើកឡើងថា គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»៕
វីដែអូ