ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កម្ពុជា-ថៃ ពិភាក្សាលើបញ្ហាយុទ្ធជន១៨នាក់ ដើម្បីឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន
Wed,10 September 2025 (Time 09:42 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 15នាក់)

កោះកុង)៖ នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងផុសផុល ជាពិសេសបានពិភាក្សាលើទាហានខ្មែរដែលត្រូវបានទាហានថៃចាប់ខ្លួន និងដំណោះស្រាយឈានឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កិច្ចប្រជុំនេះបានធ្វើឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ដូចនេះថា «ក្នុងស្មារតីបង្កើនជំនឿទុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង អង្គប្រជុំក៏បានពិភាក្សាករណីទាហានដែលត្រូវបានចាប់ខ្លួន ឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ និងស្របតាមមាត្រា ១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានទី១២៨ (A) នៃច្បាប់ទំនៀមទម្លាប់ មនុស្សធម៌អន្តរជាតិ»។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា ជាមួយគ្នានេះដែរ អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងនោះក៏បានពិនិត្យលើសំណូមពររបស់ប្រទេសជប៉ុន ដែលមានបំណងឱ្យប្រទេសទាំងពីរពិចារណាលើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។

សូមបញ្ជាក់ដែរថា បទឈប់បាញ់ រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមាននៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានបទឈប់បាញ់បានចូលជាធរមានរួច ទាហ៊ានថៃបានចូលមកចាប់ខ្លួនទាហានខ្មែរចំនួន ២០រូប នឹងបានបញ្ជូនមកវិញចំនួន ២រូប ក្រោយមានរបួសធ្ងន់ម្នាក់ និងមានបញ្ហាស្មារតីម្នាក់ ខណៈនៅសល់ទាហ៊ានខ្មែរ ចំនួន ១៨នាក់ទៀត ថៃមិនទាន់បានដោះលែងនោះទេគិតមកដល់ថ្ងៃទី១0 ខែកញ្ញា ឆ្នាំ២០២៥នេះ៕

វីដែអូ