ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កិច្ចប្រជុំ GBC: កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកព្រំដែនមួយចំនួនឡើងវិញ តាមសំណើភាគីជប៉ុន
Wed,10 September 2025 (Time 09:45 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 11នាក់)

កោះកុង)៖ ក្នុងកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ តាមសំណើភាគីជប៉ុន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំយ៉ាងដូច្នេះថា «អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្ដែងដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងនោះក៏បានពិនិត្យលើសំណូមពររបស់ប្រទេសជប៉ុន ដែលមានបំណងឲ្យ ប្រទេសទាំងពីរពិចារណា លើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់»។

បើតាម ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា, កិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការទាក់ទងជាទៀងទាត់រវាងយោធភូមិភាគ (កម្ពុជា) កងទ័ពភូមិភាគ (ថៃ) និងអង្គភាពតាមព្រំដែននៃភាគីទាំងពីរ ព្រមទាំងបានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បី ដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនង នៅគ្រប់កម្រិត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។

ក្នុងស្មារតីរួមគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាថា ការបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មាន ក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តីញុះញង់ ទោះក្នុងទម្រង់ណាក៏ដោយ គឺមានភាពចាំបាច់ណាស់ ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដផយសន្ដិវិធី។

សូមរំលឹកថា បន្ទាប់ពីបើកការបាញ់ប្រហារបណ្ដាលឲ្យទាហានកម្ពុជាម្នាក់ស្លាប់ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមទាហានថៃ បានបន្ដសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ជំហររបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានអះអាងថា ថៃជាអ្នកបិទមុន ដូច្នេះថៃក៏ជាអ្នកដែលត្រូវបើកមុនដូចគ្នា ពោលយ៉ាងយូរក្រោយថៃបើកទ្វារដែនរយៈពេល៥ម៉ោង កម្ពុជានឹងបើកតាមក្រោយ៕

វីដែអូ