ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនា សហការី យុវតីសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណាលោម
Sun,14 September 2025 (Time 09:02 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 7នាក់)

ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ពេជ សោភ័ន លោកឪពុកបង្កើតរបស់លោកជំទាវបណ្ឌិត និងសហការី យុវតីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណាលោម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត និងលោកឪពុក បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះព្រះសង្ឃនៅវត្ដឧណ្ណាលោម និងថ្វាយបង្គំព្រះពុទ្ធបដិមា សមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

នាឳកាសនោះសម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត សម្តេចព្រះគ្រូចៅអធិការវត្តឧណ្ណាលោម និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលគង់នៅវត្តឧណ្ណាលោម បានជូនពរសព្ទសាធុការដល់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមាតា បិតា បង្កើត របស់លោកទាំងទ្វេ ព្រមទាំងបុត្រាបុត្រី សហការី និងយុវតីសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះ សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី កាលពីពេលថ្មីៗនេះ ដោយជម្លោះព្រំដែន កម្ពុជា-ថៃ។

នាឳកាសនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានជូនមគ្គផល កុសលផលបុណ្យដែលលោកជំទាវបណ្ឌិត និងក្រុមគ្រួសារ រួមទាំងសហការី ដែលបានចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ សូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ បុព្វបុរសខ្មែរ ញាតិកាទាំង៧សណ្តាន ជាពិសេសនោះគឺដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី និងថែរក្សាសន្តិភាពជូនជាតិមាតុភូមិ។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ លោកជំទាវបណ្ឌិតសូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ ជាពិសេសព្រមទាំងវីរកងទ័ពកម្ពុជាគ្រប់គ្នាៗ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព នឹងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួររម្លឹកថាពិធីបុណ្យកាន់បិណ្ឌវេនទី៧នេះ គឺបានប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥ ហើយកាលពីក្នុងឳកាសបុណ្យកាន់បិណ្ឌវេនទី១ ត្រូវនឹងថ្ងៃទី៧-៨ ខែកញ្ញា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានដឹកនាំសហការី និងលោកពូ លោកអ៊ុំ លោកតា ប្រកបមុខរបរធាក់ស៊ីក្លូនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា អញ្ជើញកាន់បិណ្ឌនៅវត្តបទុមវតីរាជវរារាមផងដែរ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ គឺប្រព្រឹត្តចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕

វីដែអូ