ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃ ថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ
Mon,15 September 2025 (Time 09:20 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ៕

វីដែអូ